លោកស្រី ញ៉េច សុខណាងនិងស្វាមីលោក ឆេង សាំងជាមួយនឹងកូនៗក្នុងបន្ទុកចំនូន៤នាក់ផ្សេងទៀតបានប្រកបរបរចិញ្ចឹមមាន់នេះតាំងតែពីឆ្នាំ២០១៥មកម្លេះប៉ុន្តែបើតាមការបញ្ជាក់របស់លោកស្រីសុខណាងបានឲ្យដឹងថាការចិញ្ចឹមមាន់ដែលគ្មានបច្ចេកទេសត្រឹមត្រូវ គ្មានការមើលថែដិតដល់និងការចិញ្ចឹមដែលធ្វើឡើងតាមតែទំលាប់លែងពាសវាលពាសកាលគឺគ្មានបានផលនោះទេ។លោកស្រីបានបញ្ជាក់បន្តថា «ការចិញ្ចឹមនៅពេលនោះ គឺមិនបានកាក់កបនោះទេ ដោយមាន់ចេះតែឈឺងាប់តាំងពីតូច ជាពិសេស នៅរដូវក្តៅពេលដែលអាកាសធាតុមានការប្រែប្រួល មានការចំណាយច្រើនលើចំណី និងពិបាកក្នុងការលក់ចេញ ឯចំណូលពីការលក់វិញ ពេលខ្លះស្ទើរតែគ្មានតែម្តង។»
ដោយជួបប្រទះបញ្ហាមិនចេះចប់រាប់តាំងពីមាន់មិនធំធាត់ មាន់មានជំងឺនៅពេលអាកាសធាតុប្រែប្រួល និងការចំណាយច្រើនលើចំណីនិងពិសេសគឺមិនអាចរកប្រាក់កំរៃគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅនឹងការចំណាយក្នុងគ្រួសារ នៅឆ្នាំ២០១៧ គ្រួសារលោកឆេង សាំង ក៏បានទៅចូលរួមជាមួយកម្មវិធីASPIRE ដើម្បីទទួលការបណ្តុះបណ្តាលផ្សេងៗពីបច្ចេកទេសកសិកម្មពិសេសគឺការចិញ្ចឹមមាន់នេះតែម្តង។
លោកស្រីសុខណាងបានឲ្យដឹងថា«ក្តីសង្ឃឹមរបស់ខ្ញុំហាក់មានមកវិញនៅពេលដែលខ្ញុំបានចូលរូមជាមួយកម្មវិធីASPIRE ពីព្រោះថា មាន់លែងឈឺញឹកញ៉ាប់ដូចមុនទៀត ហើយចំនួនមាន់របស់ខ្ញុំកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដូចដែលបានឃើញនៅទីនេះស្រាប់។»
ចំនួនមាន់ដែលធ្លាប់មានមិនទៀងទាត់ត្រឹមតែប្រមាណ៥០ក្បាលនិងអាចរកកំរៃមិនទៀងទាត់ដូចគ្នាបានប្រមាណជា១០ម៉ឺនរៀលពេលលក់ចេញម្តងៗ ប៉ុន្តែបន្ទាប់ពីទទួលការបណ្តុះបណ្តាលពីកម្មវិធីASPIREបានរយៈពេល៦ខែមក ទាំងលោកស្រីសុខណាង ទាំងស្វាមីគឺហាក់មានទំនុកចិត្តខ្លាំងឡើងលើរបរចិញ្ចឹមមាន់នេះដោយសារពួកគាត់មើលឃើញនូវការផ្លាស់ប្តូរក្នុងជីវភាពប្រចាំថ្ងៃរាប់តាំងពីការកើនឡើងនៃចំនួនមាន់និងបា្រក់ចំណូលមកនោះ។
លោកស្រីបានបន្ថែមថា«ដោយសារមានទំនុកចិត្តក្នុងការចិញ្ចឹម ខ្ញុំនិងគ្រួសារ (ប្តី) បានព្រមព្រៀងគ្នាពង្រីកកន្លែងចិញ្ចឹមមាន់ពីមុនកន្លែងតូចទេតែពេលនេះគឺមានទំហំទទឹងក្បាលដីប្រមាណ១៤ម៉ែត្រនិងបណ្តោយដី១០០ម៉ែត្រ។»
តាមការចិញ្ចឹមដែលមានផែនការច្បាស់លាស់ នៅពេលនេះគ្រួសាររបស់លោកស្រីញ៉េច សុខណាងនិងស្វាមីលោក ឆេង សាំង គឺមានមាន់កើនឡើងដល់ជាង១៤០០ក្បាលហើយអាចរកប្រាក់ចំណូលជាប្រចាំខែចន្លោះពី៤លានរៀលទៅ៥លាន។
លោកស្រីក៏បានប្រាប់ពីគន្លឹះនៃភាពជោគជ័យក្នុងការចិញ្ចឹមមាន់យ៉ាងដូចនេះថាមានតែការទទួលបានចំណេះដឹង បច្ចេកទេសតាមរយៈការបណ្តុះបណ្តាលច្បាស់លាស់នោះទេទើបធ្វើឲ្យរបរចិញ្ចឹមមាន់នេះមិនរងនូវហានិភ័យក្នុងនោះកសិករគួរយល់ដឹងឲ្យច្បាស់ពីការចេះប្រើប្រាស់ថ្នាំ ការចាក់វ៉ាក់សាំងបានត្រឹមត្រូវ ជាពិសេសភាពឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ថែទាំមាន់អោយបានល្អ ដោយរាប់តាំងពីការផ្តល់ចំណី ការសំអាតទ្រុង ការរៀបចំទ្រុងនិងការតាមដានពីស្ថានភាពជំងឺមាន់ជាដើម។
រូបគាត់បានបញ្ជាក់បន្ថែមថា«ពេលអាកាសធាតុចុះត្រជាក់គឺខ្ញុំនិងប្តីខ្ញុំ បានរៀបចំដាក់ធ្យូងកំដៅអោយមាន់ហើយពេលអាកាសធាតុក្តៅគឺយើងបើកតង់ឡើងដាក់ទឹកឲ្យបានគ្រប់គ្រាន់និងមានដាក់ថ្នាំបង្ការជម្ងឺផ្សេងៗ ជាដើម»៕
អត្ថបទដោយ ៖ http://aspirekh.org/chicken_kratie/
សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ
Post a Comment